
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានសរសើរទម្រង់លេងគួរជាទីរីករាយរបស់ក្រុមលោកដែលបានយកឈ្នះ Madura United ដោយលទ្ធផល ៣-០ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកគ្រូ Josep Muñoz បានលើកឡើងថា ការប្រកួតនេះបានធ្វើទៅតាមផែនការដែលលោករៀបចំឲ្យកីឡាករលេង ដូច្នេះពិតជាសប្បាយរីករាយដែលកីឡាករទាំងអស់បង្ហាញទម្រង់ល្អ។ លោកគ្រាន់តែដាក់កីឡាករឲ្យលេងនៅទីលានប៉ុណ្ណោះ ប៉ុន្តែរឿងសំខាន់គឺកីឡាករខ្លួនឯងជាសម្រេចចិត្ត និងបង្ហាញសមត្ថភាពលេងនៅទីលាន។
លោកមានប្រសាសន៍ថា ៖«ពួកគេលេងបានល្អ។ ខ្ញុំមិនមែនជាអ្នកលេងទេ ខ្ញុំគ្រាន់តែដាក់ពួកគេឲ្យលេងប៉ុណ្ណោះ។ កីឡាករជាអ្នកលេង ហើយពួកគេជាអ្នកឈ្នះ។ ទាំងកីឡាករខ្មែរ និងកីឡាករបរទេសសុទ្ធតែល្អ ហើយទីបំផុតពួកគេជាអ្នកឈ្នះការប្រកួត»។
៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករសញ្ជាតិប្រេស៊ីល Breno Caetano នៅនាទីទី៤, កីឡាករសញ្ជាតិឡាវ Bounkong នៅនាទីទី៦ និងគ្រាប់ចុងក្រោយដោយកីឡាករកម្ពុជា មិន រតនៈ នៅនាទី៩០។ ជ័យជម្នះនេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្តក្នុងការធ្វើដំណើរទៅប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕