
ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដីកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពីបានស្មើក្រុមរបស់ ឥណ្ឌូណេស៊ី Madura United នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមេសា សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-៣ ខណៈសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៦-៣ បន្ទាប់ពីជើងទី១ឈ្នះ ៣-០។
ជាដំណឹងច្បាស់ការ ដោយយោងតាមមាត្រា ៩.៤ នៃលក្ខន្តិកៈរបស់ថាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥ នេះ នឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ អាស៊ីខាងកើត ណាដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ដូច្នេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមមកពីតំបន់ខាងកើត ត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់ប្រកាសកីឡដ្ឋានជាផ្លូវការទេ។ យ៉ាងណាទំនងនឹងត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពី តួកមេនីស្ថាន FC Arkadag។
សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕