
ក្លិប Inter Miami CF មានសេរីភាព ក្នុងការចរចាជាមួយខ្សែបម្រើរបស់ Manchester City គឺកីឡាករ Kevin de Bruyne មុនក្លិបនៅលីគ Major League Soccer ដទៃទៀត។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា ក្លិប Inter Miami របស់លោក David Beckham គឺទទួលបានសិទ្ធិពិសេស ក្នុងការចរចាជាមួយកីឡាករ De Bruyne នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ មានន័យថា ក្លិបមានមូលដ្ឋាននៅរដ្ឋ ផ្លរីដា មួយនេះ គឺមានសិទ្ធិពេញលេញ ក្នុងការចរចាលក្ខខណ្ឌផ្សេងៗជាមួយ De Bruyne មុនក្លិបដទៃទៀតនៅក្នុងលីគ MLS។
កាលពីពេលថ្មីៗនេះ De Bruyne បានប្រកាសជាផ្លូវការហើយ អំពីការចាកចេញពី Man City នៅដំណាច់រដូវកាលនេះ បន្ទាប់ពីរូបគេស្នាក់នៅទីនេះអស់រយៈពេល ១០ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៥។ ដូច្នេះនៅរដូវក្តៅខាងមុខ ខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំ នឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួន។
ក្រៅពីក្លិប Inter Miami និងក្លិបមួយចំនួនទៀតនៅលីគ MLS ក៏មានក្លិបនៅលីគជាច្រើន ដែលកំពុងចង់បាន De Bruyne ផងដែរ ដូចជាក្លិបនៅលីគ Saudi Pro League និងក្លិបនៅលីគតួកគី៕