
នាព្រឹកថ្ងៃទី ១០ ខែ មេសា នេះ ក្រុម Inter Miami បានជួបតទល់គ្នាជាមួយក្រុម Los Angeles FC នៅកីឡដ្ឋាន Chase Stadium ដែលជាការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Concacaf Champions Cup។
នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ខាងក្រុម Miami ធ្វើបានល្អជាង ដោយពួកគេបានយកឈ្នះលើក្រុម LAFC ក្នុងលទ្ធផល ៣ ទល់នឹង ១។
មែនទែនទៅ ខាងក្រុម LAFC ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលសុតបញ្ចូលទីដោយកីឡាករ Aaron Long នៅនាទីទី ៩។ លុះក្រោយមកខាងក្រុម Miami ក៏រកបានគ្រាប់បាល់វាយបក ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២ គ្រាប់នៅនាទីទី ៣៥ និង ៨៤ (ប៉េណាល់ទី) និងមួយគ្រាប់ទៀត រកបានដោយកីឡាករ Noah Allen នៅនាទីទី ៦១។
សូមបញ្ជាក់ថា ក្រោយជ័យជម្នះនេះ ក្រុម Inter Miami បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Concacaf Champions Cup ហើយ ដោយសរុបលទ្ធផលទាំង ២ ជើង ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២៕